Pages

Tuesday, April 28, 2015

សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​រៀបចំ​មហាសន្និបាត​លើក​ទី​1 របស់​ខ្លួន






បញ្ចូល​អត្ថ​បទ ៖ ផ្កាយព្រឹក


ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៥:៥៣


រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា ដែល​បាន​បាត់ឈ្មោះ​ពី​ក្នុង​បញ្ជី​តាំងពី​ឆ្នាំ​២០០៨ មក​នោះ ពេល​នេះ​បាន​ចាប់​ដំណើរការ​វិញ​ហើយ​តាម​រយៈ​ការ​រៀបចំ​ធ្វើ​មហាសន្និបាត​លើក​ទី​១ ជ្រើសតាំង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​ខ្លួន (២០១៥-២០១៨) កាលពី​ថ្ងៃ​ទី​២៧ មេ​សា កន្លង​ទៅ​នេះ ។


សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​មាន​ចំនួន​១៣​រូប ក្នុង​នោះ​លោក​ឧត្តមសេនីយ៍ឯក មៀ​ច សុ​ផា​ន់​ណា ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​, លោក​ឧត្តម សេនីយ៍​ឯក ចាប ភក្តី​, លោក​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព​, លោក វ៉ា​ត់ ចំរើន និង​លោក​ឧត្តមសេនីយ៍ឯក នុ​ត សវ​នា ជា​អនុប្រធាន ។ លោក​ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​, លោក​ម៉ៅ សូ​វង្ស​, លោក​វុ​ត្ថា បុ​៉​ណ្ណា​រិ​ទ្ធ និង​លោកមៀ​ច សុ​វិសាល ជា​អគ្គលេខាធិការ​រង​ដូច​គ្នា​។ លោក​ខៃ វណ្ណៈ អគ្គ​ហិ​រញ្ញឹក លោក​ឧត្តមសេនីយ៍ទោ លីវ សុ​ផា​ណា​រិ​ទ្ធ​, លោក​សុខ សង្វា លោក​ឧត្តមសេនីយ៍ទោ អុ​ិ​ន សា​វុ​ធ លោកស្រី​ឧត្តមសេនីយ៍ត្រី ស៊ំ សុខា និង​លោក សុខ សា​រុំ ជា​សមាជិក ។


គួរ​រំលឹក​ផង​ដែរ​ថា លោកស្រី​ឧត្តមសេនីយ៍ត្រី ស៊ំ សុខា និង​លោក​សុខ សា​រុំ គឺជា​កីឡាករ​-​កីឡាការិនី​បាញ់កាំភ្លើង​ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​យ៉ាងច្រើន​ពី​ព្រឹត្តិការណ៍​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​កន្លង​មក ។ លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា បានឱ្យ​ដឹង​ថា សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤ មក​ម្ល៉េះ ។ កាល​ណោះ​លោក​ឧត្តមសេនីយ៍ នាង ផាត ជា​ប្រធាន លោក​មុ​ិ​ល កាដូ ជា​អគ្គលេខាធិការ បុ​៉​ន្តែ​ក្រោយមក​តំណែង​អគ្គលេខាធិការ​ត្រូវ​ធ្លាក់​ទៅ​លើ​លោកប៉ា យុ​៉​ន វិញ ប៉ុន្តែ​ពេល​នេះ​លោកប៉ា យុ​៉​ន បាន​ទទួលមរណភាព​ទៅ​ហើយ ហើយ​សហព័ន្ធ​មួយ​នេះ​លែង​មាន​សកម្មភាព​អស់​រយៈពេល​៧​ឆ្នាំ គឺ​តាំងពី​ឆ្នាំ​២០០៨ ។ បុ​៉​ន្តែ​ពេល​នេះ​ក្រោយ​ពី​មានការ​ជួយ​ជ្រោមជ្រែង​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​មក​សហព័ន្ធ​កីឡា​មួយ​នេះ​បាន​ចាប់ផ្តើម​មាន​សកម្មភាព​វិញ​ហើយ ។


លោក​ឧត្តមសេនីយ៍ឯក មៀ​ច សុ​ផា​ន់​ណា ដែល​ទើបត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​សហព័ន្ធ​បាន​សំណូមពរ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ដើម្បី​ជួយ​ជំរុញ​ឱ្យ​សហព័ន្ធ​កីឡា​បាញ់កាំភ្លើង​មួយ​នេះ​អាច​ដំណើរការ​ឡើង​វិញ​បាន​ល្អ​សម្រាប់​ត្រៀមខ្លួន​ប្រកួត​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ខាង​មុខ ៕

No comments:

Post a Comment

 
Blogger Templates